ការបរិភោគអាហារសុខភាព - NOUN SOBOPHA CLINIC
wave_img

ការបរិភោគអាហារសុខភាព

តើហេតុអ្វីបានជាយើងបរិភោគអាហារ ហើយវាបានផ្ដល់អត្ថប្រយោជន៍អ្វីខ្លះ?
សុខភាព៖ ការស្រាវជ្រាវបានឱ្យដឹងថា ចំណីអាហារដែលយើងបរិភោគរាល់ថ្ងៃ គឺផ្ទុកនូវសារធាតុ ៣ យ៉ាងសំខាន់ៗដែលជាអត្ថប្រយោជន៍ចំពោះសុខភាពដូចជា ផ្ដល់ថាមពល បង្កើនការលូតលាស់ដល់សរីរាង្គ និងការពារសុខភាពពីជម្ងឺ។

តែទន្ទឹមនឹងនេះដែរ អាហារទាំងអស់គឺផ្ដល់អត្ថប្រយោជន៍ចំពោះសុខភាពមិនដូចគ្នានោះទេ ដោយវាអាស្រ័យទៅលើប្រភេទនៃអាហារ និងសារជាតិដែលមានផ្ទុកក្នុងអាហារនោះ។

ខាងក្រោមនេះជាអាហារទាំង ៣ ក្រុម និងប្រភេទអាហារក្នុងក្រុមអាហារនីមួយៗ៖

១. អាហារថាមពល (ផ្ដល់កម្លាំង និង ចំហេះ)៖

– មានក្នុងអាហារអាហារដែលមានរសជាតិផ្អែមដូចជា ស្ករ ដោយមិនថាស្ករអ្វីនោះទេ ដូចជាស្ករអំពៅ ស្ករត្នោត ឬទឹកឃ្មុំ ។ អាហារប្រភេទម្សៅមានដូចជានំប៉័ង នំបញ្ចុកជាដើម។ អាហារប្រភេទខ្លាញ់ និងប្រេងរុក្ខជាតិគ្រប់ប្រភេទទាំងអស់ ដូចជា ប្រេងសណ្ដែក ប្រេងដូង និងខ្លាញ់ត្រីជាដើម។

២. អាហារស្ថាបនា (ផ្ដល់ការលូតលាស់នៃរាងកាយ)៖

– មានក្នុងត្រីគ្រប់ប្រភេទ (មិនថាជាត្រីតូច ត្រីធំ), ស៊ុតបក្សី សាច់សត្វគ្រប់ប្រភេទ, និងសណ្ដែកគ្រប់មុខដូចជាសណ្ដែកដី សណ្ដែកសៀង ឬ សណ្ដែកបាយជាដើម។

៣. អាហារការពារ (ផ្ដល់រាងកាយពីជម្ងឺ)៖

– មានក្នុង បន្លែ និងផ្លែឈើ (ប្រភេទបន្លែពណ៌បៃតង និងផ្លែឈើដែលមានពណ៌បៃតង និងលឿងទុំ)។

ដូច្នេះ យើងបរិភោគអាហាររាល់ថ្ងៃ គឺដើម្បីបង្កើនថាមពលដល់រាងកាយ បង្កើនការលូតលាស់ដល់សរីរាង្គ និងបង្កើនភាពរឹងមាំដល់សុខភាពក្នុងការការពារពីជម្ងឺផ្សេងៗ។

ចំណាំ៖ ថ្វីត្បិតតែអាហារផ្ដល់អត្ថប្រយោជន៍ចំពោះសុខភាពក៏ពិតមែន តែអ្នកក៏គួរតែជ្រើសរើសយកអាហារដែលត្រូវនឹងប្រភេទនៃសុខភាពរបស់អ្នក​ (អាហារដែលអ្នកមិនតម មិនប្រតិកម្ម) ហើយមានអនាម័យ និងគុណភាពផងដែរ ទើបមិនប៉ះពាល់សុខភាព តែផ្ទុយទៅវិញ បើអ្នកបរិភោគអាហារដែលកង្វះអនាម័យ និងខូចគុណភាព ហើយជាអាហារដែលតម្រូវឱ្យអ្នកតម នោះសុខភាពរបស់អ្នកក៏ដុនដាប បង្កជាជម្ងឺ និងប្រតិកម្មចំណីអាហារទៅតាមនោះដែរ៕